ត្រូវជាប់ពិន័យ ១២ ប្រកួតមែនទេ? ទីបំផុតច្បាស់ហើយ Li Liga សម្រេចដាក់ពិន័យលើ Bellingham ប៉ុណ្ណេះប្រកួតរឿងកាតក្រហមថ្ងៃមុន
បរទេស៖ ទីបំផុតសហព័ន្ធបាល់ទាត់ អេស្ប៉ាញ (Spanish FA) បានចេញសេចក្តីសម្រេចក្នុងការដាក់ពិន័យលើ Jude Bellingham ជាផ្លូវការហើយ ចំពោះការទទួលបានកាតក្រហមនៅក្នុងការប្រកួត ដែល Real Madrid បានស្មើគ្នាជាមួយ Osasuna កាលពីថ្ងៃ សៅរិ៍ កន្លងទៅ។ រឿងរ៉ាវនៅក្នុងការប្រកួតនោះ បានបន្សល់ទុកនូវភាពចម្រូងចម្រាស់មួយចំនួនរហូតមកដល់ពេលនេះ បន្ទាប់ពីលោកអាជ្ញាកណ្តាល Jose Luis Munuera Montero បានផ្តល់កាតក្រហមឱ្យ Bellingham ដោយសារតែលោកបានចោទប្រកាន់ថា គេបាននិយាយពាក្យជេប្រមាថមកកាន់លោក តាមរយៈពាក្យ “fk you” ខណៈពាក្យមួយម៉ាត់នេះ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់ ដោយតាមច្បាប់រូបគេអាចនឹងត្រូវពិន័យព្យួរការប្រកួតចាប់ពី ៤ ទៅ ១២ ប្រកួត ប្រសិនបើគេពិតជានិយាយពាក្យនេះមែន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២១ ឆ្នាំបានចេញមុខបដិសេធទាំងស្រុង ដោយគេអះអាងថា គេគ្រាន់តែនិយាយពាក្យ “‘fk off” ដែលពាក្យនោះគេនិយាយសំដៅមកកាន់ខ្លួនឯងប៉ុណ្ណោះ ហើយជាមួយគ្នានេះ Real Madrid ក៏បានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីតវ៉ារកយុត្តិធម៌ជូនកីឡាករអ្នកនាំលេងដ៏សំខាន់របស់ខ្លួនរូបនេះ។ យ៉ាងណាមិញ បន្ទាប់ពីការតវ៉ា និងការពិនិត្យរួចរាល់ ជាចុងក្រោយសហព័ន្ធអេស្ប៉ាញ បានសម្រេចដាក់ពិន័យលើ Bellingham មិនឱ្យចូលប្រកួតនៅក្នុងក្របខណ្ឌ La Liga ចំនួន ២ ប្រកួត ដោយចោទប្រកាន់ពីបទ ដែលរូបគេប្រើកាយវិការមិនសមរម្យ និងខ្វះការពិចារណាលើអាជ្ញាកណ្តាល៕