យប់មិញលេងល្អពេក ដល់ថ្នាក់លោក Ancelotti សរសើរកូនក្រុមរូបនេះ ថាអនាគតគេអាចឈានដល់កម្រិត Ronaldo
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ playoff ជើងទី ២ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ១៦ ក្រុមនៃពាន Champions League ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំពិតជាធ្វើបានល្អមែនទែន ដោយរូបគេរកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) ជួយឱ្យ Real Madrid យកឈ្នះ Man City ក្នុងលទ្ធផល ៣ ទល់នឹង ១។ បន្ទាប់ពីបញ្ចប់ការប្រកួតនោះភ្លាម លោក Ancelotti បានបង្ហាញការកោតសរសើរលើ Mbappe នៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖ គាត់មានគុណភាព ដើម្បីឈានដល់តួលេខរបស់គាត់ ប៉ុន្តែគាត់ត្រូវតែប្រឹងប្រែងធ្វើការ ពីព្រោះ Cristiano គឺបានកំណត់គោលដៅខ្ពស់ខ្លាំងណាស់ ប៉ុន្តែគាត់ក៏រំភើបផងដែរ ដែលបានលេងនៅទីនេះ គាត់អាចឈានដល់កម្រិតរបស់ Cristiano។ គួរបញ្ជាក់ថា Ronaldo បានចំណាយពេល ៩ ឆ្នាំក្នុងការស្នាក់នៅទឹកដី Santiago Bernabeu និងបានកាន់កំណត់ត្រាក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ Real Madrid ពោលគឺចំនួន ៤៥១ គ្រាប់ ចំណែក Mbappe ដែលទើបតែមកចូលរួមជាមួយ Real Madrid រដូវកាលដំបូង បច្ចុប្បន្នរូបគេរកបានគ្រាប់បាល់បានចំនួន ២៦ គ្រាប់ហើយ៕